«វប្បធម៌សមិទ្ធកម្ម» ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។ ដូច្នេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់, ម្ខាង, សម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ; និង ម្ខាងទៀត, សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតាផ្ទាល់របស់កម្ពុជា។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបើក នៃកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០ នាក់។